ចាប់បានជនល្មើសម្នាក់ករណីភ្ជង់ប្លន់រថយន្តអ្នកដំណើរតាមផ្លូវល្បឿនលឿន  ខណៈបក្ខពួកម្នាក់ទៀតកំពុងគេចខ្លួន

មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយនាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ នេះ នៅតាមផ្លូវល្បឿនលឿន  ដោយជនល្មើសម្នាក់ បានភ្ជង់រថយន្តរបស់ប្រជាពលរដ្ឋមួយគ្រួសារនៅតាមផ្លូវល្បឿនលឿន ហើយឲ្យជនរងគ្រោះចុះពីរថយន្ត ហើយរូបគេក៏បើករថយន្តគេចខ្លួនបាត់។

  យ៉ាងណាក៏ដោយ កម្លាំងនគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ បានចេញស្ទាក់ភ្លាមៗ ហើយឈានដល់ការបង្ក្រាបនិងចាប់ជនល្មើសបានម្នាក់ និងដកហូតរថយន្តរបស់ជនរងគ្រោះមកវិញ ខណៈជនល្មើសម្នាក់ទៀតដែលមានកាំភ្លើងនៅក្នុងដៃកំពុងគេចខ្លួន។

     តាមការឲ្យដឹងពីស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ថា ករណីនេះដំបូងទ្បើយជនល្មើសមានគ្នា២នាក់ មានកាំភ្លើងខ្លី ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់ នៅតាមផ្លូវជាតិលេខ៤។ ខណ ពេលនោះកម្លាំងនគរបាលបានដេញតាមរហូត ហើយជនល្មើសក៏បានបាញ់មកលើសមត្ថកិច្ចផងដែរ តែមិនបណ្តាលឲ្យរងរបួសនោះទេ។

    លោកបានបន្តទៀតថា ពេលនោះកម្លាំងនគរបាលខេត្តកណ្តាលបានចាប់ជនល្មើសបានម្នាក់ ហើយម្នាក់ទៀតដែលមានកាំភ្លើងបានរត់គេចខ្លួនមកផ្លូវល្បឿនលឿន ហើយពេលឃើញជនរងគ្រោះមួយគ្រួសារឈប់រថយន្តនៅលើផ្លូវ ល្បឿនលឿនម្តុំអូរក្រាំងអំបិល ស្រាប់តែជនល្មើសបានភ្ជង់ជនរងគ្រោះ រួចបើករថយន្តជនរងគ្រោះម៉ាកលុចស៊ីសគេចខ្លួនតែម្តង។

    លោកថា ក្រោយពេលទទួលបានព័ត៌មាននេះ កម្លាំងនគរបាលខេត្តកណ្តាល បានសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ដេញតាម និងចេញពួនស្ទាក់ដើម្បីតាមចាប់ជនល្មើសដែលភ្ជង់ប្លន់រថយន្ត។ ក្រោយដឹងថា កម្លាំងសមត្ថកិច្ចកំពុងដេញតាម ជនល្មើសក៏បានបើករថយន្តយកទៅប្លង់ចោលនៅក្នុងទឹកដីស្រុកអង្គស្នួល ហើយបានទៅភ្ជង់អ្នកបើករថយន្តលុចស៊ីសពណ៌ខ្មៅមួយគ្រឿងទៀត ដោយបង្ខំឲ្យជនរងគ្រោះបើកជូនដើម្បីគេចខ្លួនពីសមត្ថកិច្ច រហូតបើកចូលទឹកដីខណ្ឌកំបូល ក៏ត្រូវកម្លាំងនគរបាលមូលដ្ឋានរាជធានីភ្នំពេញស្ទាក់ ហើយជនល្មើសភ្លាមៗចុះពីរថយន្តរត់គេចខ្លួនតែម្តង។

     តាមសារព័ត៌មានក្នុងស្រុកដែលបានដកស្រង់សំដីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយមានហតុការណ៍នេះកើតឡើង និងមានការសុំសហការពីនគរបាលខេត្តកណ្តាល លោកបានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ និងកម្លាំងនគរបាលមូលដ្ឋាន ចេញពួនស្ទាក់ រហូតឃើញមុខសញ្ញាដែលភ្ជង់រថយន្តជនរងគ្រោះទី២ តែជនល្មើសដឹងខ្លួនក៏បានចុះពីរថយន្តរត់គេចខ្លួនបាត់។ យ៉ាងណាក៏ដោយខណនេះកម្លាំងនគរបាលកំពុងសហការគ្នាតាមចាប់ជនដៃដល់ដែលកំពុងគេចខ្លួននេះបន្តទៀតផងដែរ៕

Written by 

Related posts

Leave a Comment