បន្ទាយមានជ័យ៖ អនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងផែនការងារសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ចុះបើកប្រតិបត្តការត្រួតពិនិត្យតេស្តរកសារធាតុញៀន តាមរយៈទឹកនោម លើអ្នកបើកបររថយន្តធុនធំ លើកំណាត់ផ្លូវជាតិលេខ៥ ភូមិព្រែកល្ពៅ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី។
ប្រតិបត្តិការនេះ កម្លាំងនគរបាលយើង បានឃាត់រថយន្តធុនធំចំនួន៤៩គ្រឿង អ្នកបើកចរចំនួន៤៩នាក់ យកមកត្រួតពិនិត្យតេស្តរកសារធាតុញៀន តាមរយៈទឹកនោម លទ្ធផលបានបង្ហាញអវិជ្ជមាន គ្មានសារធាតុញៀន។
លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា បានថ្លែងថា គោលបំណងនៃការចុះត្រួតពិនិត្យ និងធ្វើតេស្តរកសារធាតុញៀន លើអ្នកបើកបររថយន្តធុនធំ គឺនគរបាលយើងធ្វើឡើងដើម្បី ធានាសុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ និងជាការ បង្ការ ទប់ស្កាត់ អ្នកបើកបរក្រោមឥទ្ធិពលសារធាតុញៀន សំដៅធ្វើយ៉ាងណាឲ្យអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្រិតទាបបំផុតតាមដែលអាចធ្វើបាន៕




