ថ្លែងក្នុងអំឡុងពេលហ្វឹកហាត់សម្រួចបច្ចេកទេសត្រៀមជួបក្រុមនារីម៉ាឡេស៊ី គ្រូបង្វឹកក្រុមជម្រើសជាតិនារីកម្ពុជា លោក ឃួន ឡាបូរ៉ាវី បាននិយាយថា លោកមិនចង់ឃើញកូនក្រុមរបស់ខ្លួន ទទួលបានលទ្ធផលស្មើម្តងទៀត ពេលប្រកួតជាមួយក្រុមនារីម៉ាឡេស៊ី ឡើយ គឺលោកចង់ឃើញក្រុមនេះទទួលបានជ័យជម្នះ ដើម្បីឱ្យស្របទៅនឹងការប្តេជ្ញាចិត្តរបស់កម្ពុជា សម្រាប់ការចូលរួមប្រកួតប្រជែងយកពានរង្វាន់ AFF Women’s Cup លើកនេះ។
លោក ឃួន ឡាបូរ៉ាវី បានអះអាងថា លោកនឹងព្យាយាមកែប្រែង និងបន្ថែមនូវចំណុចមុតស្រួច ដល់ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា ដើម្បីត្រៀមប្រកួតកាត់សេចក្តីចុងក្រោយជាមួយក្រុមនារីម៉ាឡេស៊ី នៅថ្ងៃទី២៩ ខែវិច្ឆិកាខាងមុខនេះ។
សូមជម្រាបថា ក្រុមនារីកម្ពុជា ត្រូវការត្រឹម១ពិន្ទុបន្ថែម ដើម្បីបានឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Women’s Cup ក្រោយស្មើជាមួយឥណ្ឌូនេស៊ី ០-០ ក្នុងជំនួបបើកឆាកពូល B កាលពីថ្ងៃទី២៣ ខែវិច្ឆិកា៕