ខេត្តស្វយរៀង ៖ កាលពីព្រឹថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម រស់ ឆាយ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជេីញចូលរួមជំនួបប្រាស្រ័យទំនាក់ទំនងការពារព្រំដែនជាតិកម្ពុជា និងប្រទេសវៀតណាម លើកទី២ និងលំហាត់សុខាភិបាលយោធារួមគ្នារវាងកងទ័ពទាំងពីរ កម្ពុជា-វៀតណាម នៅច្រកព្រំដែនអន្តរជាតិម៉ុកបាយ ខេត្តតៃនិញ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ យ៉ាង រដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសវៀតណាម។

នៅក្នុងឱកាសអញ្ជើញដល់ច្រកព្រំដែនអន្តរជាតិ បាវិត-ម៉ុកបាយ បង្គោលព្រំដែនលេខ១៧១ គណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ត្រូវបានទទួលស្វាគមន៍ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ យ៉ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិទាំងពីរ កម្ពុជា- វៀតណាម បានអញ្ជើញដាំដើមឈើមិត្តភាព និង ស្រោចទឹក ព្រមទាំងបានបើកស្បៃក្រហម គ្របផ្ទាំងសិលាចារឹកដើមឈើមិត្តភាពផងដែរ ។
នៅក្នុងដំណើរទស្សនកិច្ចនេះគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា បានទៅធ្វើទស្សនកិច្ចទីតាំងសំខាន់ៗចំនួន៤ នៅទឹកដីខេត្តតៃនិញ ប្រទេសវៀតណាម មានដូចជា÷
.ទីតាំងទី១ លំហាត់សុខាភិបាលរួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-វៀតណាម ។
.ទីតាំងទី២ គណៈប្រតិភូក្រសួងការពារជាតិកម្ពុជា បានទៅធ្វើទស្សនកិច្ចនៅសាលាបឋមសិក្សាបេនកូវ នៅក្នុងឱកាសនោះគណៈប្រតិភូក្រសួងការពារជាតិ ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា
ព្រមទាំងគណៈប្រតិភូ ក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ យ៉ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ក៏បានអញ្ជើញកាត់ខ្សែបូរសម្ពោធអគារសិក្សា នៅសាលាបឋមសិក្សាបេនកូវ ផងដែរ។
.ទីតាំងទី៣ គណៈប្រតិភូក្រសួងការពារជាតិកម្ពុជា បានបន្តដំណើរទៅទស្សនាតំបន់ភូមិប្រជាជនចងសម្ព័ន្ធមេត្រីភាពគ្នាតាមព្រំដែន ស្ថិតក្នុងភូមិឡុងគឿង ឃុំឡុចចួន ខេត្តតៃនិញ ប្រទេសវៀតណាម។
.ទីតាំងទី៤ គណៈប្រតិភូក្រសួងការពារជាតិកម្ពុជា បានអញ្ជើញបន្តដំណើរទៅទស្សនកិច្ចនៅកងពលធំលេខ៥ យោធភូមិភាគទី៧ ក្នុងខេត្តតៃនិញ ប្រទេសវៀតណាម ។ នៅក្នុងដំណើរទស្សនកិច្ច រដ្ឋមន្ត្រីប្រទេសទាំងពីរ បានទស្សនាសារមន្ទីរប្រពៃណីរបស់កងពលធំលេខ៥ យោធភូមិភាគទី៧ បន្ទាប់មករដ្ឋមន្ត្រីប្រទេសទាំងពីរ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំតាមរបៀបវារៈដែលបានគ្រោងទុក ព្រមទាំងអញ្ជើញចុះហត្ថលេខាលើផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០២៦ កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការការពារព្រំដែន , អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស ។
សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទាំងអស់នេះ បាននាំមកនូវប្រសិទ្ធភាពជាក់ស្តែង រួមចំណែកក្នុងការកសាងតំបន់ព្រំដែនរឹងមាំ សន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍យូរអង្វែង៕គឹមសេង








