ប្រធានរដ្ឋចិនលោក Xi Jinping បានសរសើរឃុំបុរាណពាន់ឆ្នាំមួយនេះ

នៅថ្ងៃទី ៧ ខែវិច្ឆិកាឆ្នាំ ២០២៥ កិច្ចប្រជុំកំពូល Wuzhen នៃសន្និបាតអ៊ីនធឺណិតពិភពលោកឆ្នាំ ២០២៥ បានបើកធ្វើនៅឃុំ Wuzhen ខេត្ត Zhejiang ប្រទេសចិន។ នេះជាលើកទី ១២ ហើយដែលឃុំ Wuzhen បានធ្វើជាម្ចាស់ផ្ទះសន្និបាតអ៊ីនធឺណិតពិភពលោក។ ចាប់ពីការស្កែនមុខនៅច្រកទ្វារ ក្រណាត់ឆ្លាតវៃសណ្ឋាគារ និងប្រព័ន្ធចតរថយន្តឆ្លាតវៃ រហូតដល់ការគ្របដណ្តប់ Wi-Fi គ្រប់ទីកន្លែង។ល។ គ្រឿងបរិក្ខារឆ្លាតវៃទាំងនេះដែលបង្កប់នៅក្នុងសំណង់ដែលមានជញ្ជាំងពណ៌ស និងក្បឿងខ្មៅ បានធ្វើឱ្យឃុំបុរាណពាន់ឆ្នាំមួយនេះមានភាពរស់រវើកផ្នែកបច្ចេកវិទ្យាឡើងវិញ។

ពីកន្លែងដាច់ស្រយាល ទៅជាចំណុចដែលគួរឱ្យចាប់អារម្មណ៍ជាសកល ការអភិវឌ្ឍនៃឃុំ Wuzhen បានចាប់ផ្តើមកាលពីរដូវក្តៅ ២០ ឆ្នាំមុន ។

នៅខែសីហា ឆ្នាំ ២០០៥ ប្រធានរដ្ឋចិនលោក Xi Jinping ដែលកាលនោះជាលេខាធិការនៃគណៈកម្មការបក្សខេត្ត Zhejiang បានចុះត្រួតពិនិត្យតម្រោងអភិរក្សឃុំបុរាណ Wuzhen ដំណាក់កាលទី ២ (តំបន់ទេសភាព Xizha)និងឈ្វេងយល់អំពីការសាងសង់  និង ប្រភពថវិកាជាដើម។ បន្ទាប់ពីការសិក្សានិងត្រួតពិនិត្យលើកនេះ លោក Xi Jinping បាន លើកឡើងសំណូមពរបីចំណុច៖ គោរពបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់ឃុំ Wuzhen និង ស្ដារវាឱ្យដូចសភាពដើមវិញ កែលម្អបរិស្ថាន ជាពិសេសបរិស្ថានទឹក ច្នៃប្រឌិតវប្បធម៌ប្រពៃណី ដោយបញ្ចូលឃុំបុរាណជាមួយនឹងវប្បធម៌ទំនើបដើម្បីទាក់ទាញយុវជន។ លោកបានសង្កត់ធ្ងន់ថា ត្រូវប្រកាន់ខ្ជាប់ដោយមិនងាករេនូវគោលគំនិតអភិវឌ្ឍន៍ស្តីពី “ការអភិវឌ្ឍ ទេសចរណ៍ដោយអភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រ”។

នៅបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០០៧ ការជួសជុលនិងកែលម្អតំបន់ទេសចរណ៍ Xizha ឃុំ Wuzhen ត្រូវបានបញ្ចប់  ជាមួយនឹងការដាក់ឱ្យប្រើបណ្តាញអ៊ីនធើណេតមានខ្សែទៅកាន់គ្រួសារទាំងអស់ និងការគ្របដណ្តប់បណ្តាញ WiFi ឥតគិតថ្លៃជាមូលដ្ឋាន។

នៅឆ្នាំ ២០១៤ ផែនការធ្វើជាម្ចាស់ផ្ទះសន្និបាតអ៊ីនធឺណិតពិភពលោកត្រូវបានដាក់ក្នុងរបៀបវារៈជាតិ។ ក្នុងអំឡុងពេលរៀបចំ ក្រុមអ្នកជំនាញបានស្វែងរកនៅទូទាំងប្រទេស ដើម្បីរកឃើញឃុំមួយដែលអាចប្រៀបស្មើជាមួយទីក្រុង Davos ព្រមនិងលក្ខណៈពិសេសចិន សម្រាប់ធ្វើជាម្ចាស់ផ្ទះសន្និបាតអន្តរជាតិនេះ។ ឃុំ Wuzhen ជាមួយនឹងវប្បធម៌ប្រពៃណីពាន់ឆ្នាំ និងហេដ្ឋារចនាសម្ព័ន្ធបណ្តាញអ៊ីនធឺណិតដែលមានស្រាប់ បានត្រៀមខ្លួនអស់រយៈពេលជាច្រើនឆ្នាំ។ នៅក្នុងខែវិច្ឆិកា ឆ្នាំដដែល សន្និបាតអ៊ីនធឺណិតពិភពលោកលើកដំបូងត្រូវបានធ្វើឡើង ហើយបានប្រកាសថា ឃុំ Wuzhen ក្លាយជាទីកន្លែងអចិន្ត្រៃយ៍សម្រាប់សន្និបាតនេះ។

នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៥ សន្និបាតអ៊ីនធឺណិតពិភពលោកលើកទីពីរបានបើកនៅ ឃុំWuzhen ដោយលោក Xi Jinping បានចូលរួម និងថ្លែងសុន្ទរកថាគន្លឹះ។ លោកបានរំលឹកថា “ខ្ញុំធ្លាប់ធ្វើការនៅខេត្ត Zhejiang អស់រយៈពេលជាច្រើនឆ្នាំ ហើយបានទៅលេងឃុំWuzhen ច្រើនដង។ ខ្ញុំពិតជាចូលចិត្តកន្លែងនេះណាស់។ មកទីនេះម្តងទៀតនៅថ្ងៃនេះ ខ្ញុំមានអារម្មណ៍ថ្មីប្លែកចំពោះវា”។

ឃុំ Wuzhen ពីដើមជាឃុំដែលមានចុងក្រោយគេក្នុងក្រុង Tongxiang បច្ចុប្បន្នបានក្លាយជាទីតាំងអចិន្ត្រៃយ៍សម្រាប់ធ្វើសន្និបាតអ៊ីនធឺណិតពិភពលោក នេះមិនត្រឹមតែជារឿងរ៉ាវនៃការផ្លាស់ប្តូរឃុំតូចមួយប៉ុណ្ណោះទេ វាក៏ជាគំរូដ៏ភ្លឺចែងចាំងមួយក្នុងដំណើរការអភិវឌ្ឍប្រកបគុណភាពខ្ពស់របស់ប្រទេសធំមួយផងដែរ៕

Written by 

Related posts

Leave a Comment