យោធាសហរដ្ឋអាមេរិក កំពុងវាយតម្លៃពីលទ្ធភាពនៃការសាងសង់មូលដ្ឋាននៅក្បែរតំបន់ហ្គាហ្សា ដែលអាចផ្ទុកកងទ័ពបានប្រហែល ១០,០០០ នាក់។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Bloomberg រាយការណ៍ថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានស្នើសុំឱ្យក្រុមហ៊ុនជាច្រើនវាយតម្លៃ និងប៉ាន់ស្មានពីការចំណាយលើការសាងសង់មូលដ្ឋានប្រតិបត្តិការយោធាបណ្តោះអាសន្ន ដែលមានសមត្ថភាពផ្ទុកកងទ័ពចំនួន ១០,០០០ នាក់ នៅជិតតំបន់ហ្គាហ្សានេះ។
មន្ត្រីរដ្ឋបាលសហរដ្ឋអាមេរិកម្នាក់ដែលមិនបញ្ចេញឈ្មោះ បានប្រាប់ឱ្យដឹងថា សំណើនេះគឺបង្ហាញពីជំហានដំបូងឆ្ពោះទៅរកការរៀបចំផែនការបង្កើតមូលដ្ឋានសម្រាប់កងកម្លាំងស្ថេរភាពអន្តរជាតិ។

កាលពីថ្ងៃទី ២៩ ខែកញ្ញា សេតវិមាន បានចេញផ្សាយផែនការដ៏ទូលំទូលាយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ សម្រាប់ដោះស្រាយស្ថានភាពនៅក្នុងតំបន់ហ្គាហ្សា។
ផែនការ ២០ ចំណុច រួមមានក្នុងចំណោមវិធានការផ្សេងទៀត ការបង្កើតរដ្ឋបាលខាងក្រៅបណ្ដោះអាសន្ននៅក្នុងតំបន់ប៉ាឡេស្ទីន និងការដាក់ពង្រាយកងកម្លាំងស្ថិរភាពអន្តរជាតិ។ នៅថ្ងៃទី ៩ ខែតុលា អ៊ីស្រាអែល និងហាម៉ាស បានយល់ព្រមអនុវត្តដំណាក់កាលទីមួយនៃផែនការសន្តិភាពរបស់លោក ត្រាំ ហើយកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាន នៅថ្ងៃទី ១០ ខែតុលា៕

ដោយ៖ ពេជ្រ
