ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យឯកឧត្តម NIU HAIFENG អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ឯកឧត្តមសន្តិបណ្ឌិត ក៏បានជម្រាបជូនពីលទ្ធផលនៃកិច្ចប្រតិបត្តិការនាពេលកន្លងមកដោយទទួលបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់។
ឯកឧត្តមសន្តិបណ្ឌិត បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិដោយជំនឿទុកចិត្តរវាងគ្នាដើម្បីសម្រេចបាននូវគោលដៅប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលជាបញ្ហាស្មុគស្មាញនិងសកលនេះ។
ជាកិច្ចឆ្លើយតប ឯកឧត្តម អគ្គនាយករង បានសម្តែងនូវការកោតសរសើដល់សមត្ថកិច្ចកម្ពុជាដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិល្អ ឆាប់រហ័សក្នុងការចាប់បញ្ជូនជនជាតិចិន និងវត្ថុតាងក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រលប់ទៅកាន់ប្រទេសចិនវិញ ដើម្បីអនុវត្តនីតិវិធីនិងការស្រាវជ្រាវ ស៊ើបអង្កេតបន្ត។
ឯកឧត្តម អគ្គនាយករង បានធ្វើការវាយតម្លៃខ្ពស់ចំពោះការបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.) ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីសម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលក្នុងរយៈពេលដ៏ខ្លីបន្ទាប់ពីការដាក់ចេញនូវបទបញ្ជាទូទាំងប្រទេសសម្រេចបានលទ្ធផលជាច្រើន។
ភាគីទាំងពីរបានពិភាក្សាអំពីជំហានបន្ទាប់ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត រួមទាំងការកសាងសមត្ថភាព និងដកពិសោធរវាងគ្នាទៅវិញទៅមក សំដៅធ្វើយ៉ាងណារួមគ្នាប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕




