សហភាពអឺរ៉ុប អាចនឹងពិចារណាឡើងវិញអំពីការផ្តល់ហិរញ្ញប្បទានរបស់ខ្លួនដល់វិស័យថាមពលរបស់អ៊ុយក្រែន ដោយសារតែរឿងអាស្រូវពុករលួយកាន់តែធំទូលាយនៅទីក្រុងគៀវ។

យោងតាមការចុះផ្សាយដោយកាសែត Politico បានឱ្យដឹងថា សម្ព័ន្ធមិត្តអ៊ុយក្រែននៅទីក្រុងព្រុចសែល កំពុងស្វែងរកការធានាឡើងវិញ ដោយបញ្ជាក់ថា ការចំណាយគឺស្របច្បាប់ បន្ទាប់ពីគម្រោងអំពើពុករលួយដ៏សំខាន់មួយនៅក្នុងវិស័យថាមពលរបស់ប្រទេសត្រូវបានលាតត្រដាង ដែលក្នុងនោះមានការលាងលុយកខ្វក់យ៉ាងហោចណាស់ ១០០លានដុល្លារ។
មន្ត្រីសហភាពអឺរ៉ុបម្នាក់ បានប្រាប់ Politico ថា អំពើពុករលួយដ៏គួរឱ្យស្អប់ខ្ពើម កំពុងរីករាលដាល ដោយបន្ថែមថា ស្ថានភាព បែបនេះអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងប្រទេសជាមួយដៃគូអន្តរជាតិ។
មន្ត្រីរូបនេះ បានកត់សម្គាល់ថា ដូច្នេះ គណៈកម្មការអឺរ៉ុប ប្រាកដជានឹងត្រូវវាយតម្លៃឡើងវិញអំពីរបៀបដែលខ្លួនចំណាយមូលនិធិលើវិស័យថាមពល រួមទាំងវិស័យផ្សេងទៀតរបស់ទីក្រុងគៀវ៕


ដោយ៖ ពេជ្រ
