ខេត្តរតនគិរី÷ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍សង្កាត់បឹងកន្សែងឃាត់ខ្លួនហើយវ៉ៃខ្នោះ កាលពីវេលាម៉ោង១១និង៥នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្បែរធនាគារអេស៊ីលីដា នៅត្រង់ចំណុចព្រះវិហារ យីស៊ូ ស្ថិតក្នុងភូមិអូកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ដោយបានធ្វើសកម្មភាពចូលលួចទូរសព្ទដៃរបស់ប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ត្រី ចៅ នាង ស្នងការង ជាអ្នកនាំពាក្យស្នងការនគរបាលខេត្ត បានឲ្យហង្សមាសដឹងថា បន្ទាប់ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងកន្សែងទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះ ដាន ហុងស៊ង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មកថា មានជនសង្ស័យម្នាក់បានធ្វើសកម្មភាពចូលលួចទូរសព្ទដៃនៅក្នុងផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិ,សង្កាត់កើតហេតុខាងលើ ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍សង្កាត់បឹងកន្សែង បានចុះទៅដល់កន្លែងកេីតហេតុភ្លាម និងធ្វើការស្រាវជ្រាវឈានទៅដល់ឃាត់ខ្លួនបានជនសង្ស័យដេីម្បីយកមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុងបានលុង។
លោកឧត្តមសេនីយ៍ត្រីចៅ នាង បានបញ្ជាក់ទៀតថា ជនសង្ស័យមានឈ្មោះ ដេត រ៉ាវី (ហៅវី) ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដោយមូលហេតុជនសង្ស័យត្រូវការលុយទើបធ្វើបែបនេះ។

បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចជំនាញបានដកហូតសម្ភារទូរសព្ទដៃចំនួន ១គ្រឿង ម៉ាក Iphone 12promax ពណ៌ទឹកប៊ិច។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគីរី ចាត់ការបន្តទៅតាមនីតិវិធី។
សូមបញ្ជាក់ថា ជនសង្ស័យខាងលើនេះកន្លងមកសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនម្ដងរួចមកហើយដែរ ប៉ុន្តែចេញពីពន្ធនាគារមកវិញនៅតែបន្តធ្វើសកម្មភាពដដែល មិនរាងចាលសោះឡើយដោយយកគុកធ្វើជាផ្ទះសំបែង៕


