មនុស្ស ២ នាក់ ត្រូវបានគេរកឃើញថាស្លាប់ និង ៣នាក់ផ្សេងទៀតរងរបួស ខណៈដែល ២១នាក់បាត់ខ្លួន បន្ទាប់ពីការរអិលបាក់ដី ដែលវាយប្រហារខេត្តជ្វារបស់ប្រទេសឥណ្ឌូនេស៊ី កាលពីយប់ថ្ងៃព្រហស្បតិ៍។

យោងតាមលោក Muhamad Chomsul ប្រធានអង្គភាពសង្គ្រោះបន្ទាន់នៃទីភ្នាក់ងារគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយខេត្ត បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានការរអិលបាក់ដីនៅក្នុងតំបន់ Cibuyut និង Tarukahan នៃភូមិ Cibeunying ស្រុក Cilacap Regency ។
លោក បានប្រាប់ថា ការរអិលបាក់ដីវាយប្រហារតំបន់លំនៅដ្ឋាន និងបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស។ មនុស្ស ២ នាក់ស្លាប់ ខណៈ ៣នាក់រងរបួស និង ២១ នាក់ផ្សេងទៀតបាត់ខ្លួន។
លោក Chomsul បានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះអ្នកបាត់ខ្លួនកំពុងដំណើរការ។
លោក បានបន្ថែមថា គ្រឿងចក្រធុនធ្ងន់ត្រូវបានដាក់ពង្រាយ ដើម្បីប្រតិបត្តិការជួយសង្គ្រោះនេះ៕


ដោយ៖ ពេជ្រ
