ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញបើកម្មវិធីពិព័រណ៍កសិកម្មកម្ពុជា CAFE25 នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ។

ពិធីខាងលើនេះ ក៏មានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំក្រសួងកសិកម្ម និងគណៈប្រតិភូអមដំណើរជាច្រើនរូបផ្សេងទៀត។
សូមជម្រាបថា វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ (CAFE25) គឺជាព្រឹត្តិការណ៍កសិកម្មដ៏ធំបំផុតដំបូងបង្អស់នៅព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍នេះដឹកនាំរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(MAFF) ដោយមានការចូលរួមសហការពីក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជននានា។

ព្រឹត្តិការណ៍ CAFE25 នឹងក្លាយជាវេទិកាដ៏រស់រវើក ដែលមានគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញការច្នៃប្រឌិតក្នុងវិស័យកសិស្បៀងអាហារ នៅព្រះរាជាណាចក្រកម្ពុជា។
CAFE25 គឺជាព្រឹត្តិការណ៍ក្នុងវិស័យកសិស្បៀងអាហារដែលមានទំហំ និងវិសាលភាពធំបំផុតដំបូងបង្អស់នៅព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍ CAFE25 រួមបញ្ចូលវេទិកាកសិកម្មកម្រិតខ្ពស់រយៈពេលពីរថ្ងៃ និងពិព័រណ៍កសិកម្មរយៈពេលបួនថ្ងៃ។

លក្ខណៈពិសេសរបស់ព្រឹត្តិការណ៍CAFE25 គឺវានឹងមិនបញ្ចប់ត្រឹមតែព្រឹត្តិការណ៍ប៉ុន្នោះទេ ប៉ុន្តែនឹងមានសកម្មភាពបន្តជាច្រើនទៀត ដើម្បីអនុញ្ញាតឱ្យភាគីពាក់ព័ន្ធបន្តទំនាក់ទំនង ចូលរួមសកម្មភាព និងសហការជាមួយគ្នា ដើម្បីស្វែងរក និងអនុវត្តចក្ខុវិស័យរួមសម្រាប់វិស័យកសិស្បៀងអាហារនៅកម្ពុជា។
កិច្ចសហការនេះមានគោលបំណងដើម្បីធ្វើឱ្យកម្ពុជាក្លាយជាទិសដៅដ៏ទាក់ទាញក្នុងតំបន់សម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យកសិស្បៀងអាហារ៕







