បន្ទាយមានជ័យ ៖ សពយុវជនជាពលករខ្មែរម្នាក់ដែលបានគាំងបេះដូងស្លាប់ ត្រូវបានសមត្ថកិច្ចថៃបញ្ជូនមកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នារសៀលម៉ោង១និង២០នាទីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

លោក វណ្ណ ដារ៉ាន់ ប្រធានគណៈកម្មការច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឲ្យដឹងថា នៅថ្ងៃទី១២វិច្ឆិកានេះ ភាគីថៃបានជូនដំណឹងពីការបញ្ជូនសាកសពពលករខ្មែរម្នាក់មកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ក្នុងនោះនៅរសៀលថ្ងៃនេះផងដែរយើងក៏ឃើញមានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន បានមករង់ចាំទទួលសព។
សពដែលត្រូវភាគីថៃបញ្ជូនមក គឺមានទីលំនៅក្នុងឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ក្នុងនោះឃើញមានគ្រួសារសពមានម្ដាយមីងបានមករង់ចាំទទួល។ សពពលករខ្មែរដែលថៃបញ្ជូនមកមានឈ្មោះ សោម គឹមហួច ភេទប្រុស កើតនៅឆ្នាំ ២០០៧ បានទទួលមរណភាពកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខណ្ឌឌីនឌែន ទីក្រុងបាងកក ប្រទេសថៃ។

តាមម្ដាយរបស់ជនរងគ្រោះបានឲ្យដឹងថា កូនរបស់ខ្លួនបានចេញទៅធ្វើការនៅប្រទេសថៃមុនពេលដែលមានបញ្ហាព្រំដែនកម្ពុជា - ថៃ ហើយក្នុងអំឡុងពេលដែលមានបញ្ហាព្រំដែន កូនរបស់គាត់ពុំបានវិលត្រឡប់មកវិញទេ។ លុះថ្ងៃទី១០ គាត់ក៏ទទួលដំណឹងថា កូនរបស់គាត់បានស្លាប់ដោយសារតែជំងឺគាំងបេះដូង។
ក្រោយការស្លាប់របស់ពលករខ្មែរខាងលើ ម្ដាយមីងរបស់ជនរងគ្រោះបានទំនាក់ទំនងទៅស្ថានកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃ ដើម្បីស្នើសុំបញ្ជូនសាកសពមកប្រទេសកម្ពុជាវិញ។ ការបញ្ជូនសពមកវិញនេះ ត្រូវបានសម្របសម្រួលដោយភាគីកម្ពុជាដែលមានគណៈកម្មការច្រក និងសមត្ថកិច្ចយោធាទំនាក់ទំនងព្រំដែនកម្ពុជា ថៃ ដើម្បីសម្រួលដល់សាច់ញាតិជនរងគ្រោះឲ្យមានភាពរលូនយកសពទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ។
សមត្ថកិច្ចច្រកទ្វារប៉ោយប៉ែតបានបញ្ជក់ថា ចំពោះរឿងយោធាខ្មែរ ១៨នាក់ មិនមានសេចក្តីជូនដំណឹងណាមួយពីការបញ្ជូនមកកម្ពុជាវិញាតាមច្រកប៉ោយប៉ែតឡើយ៕



