អ្នកកាន់សំបុត្រចូលទស្សនាការប្រកួតបាល់ទាត់ពិភពលោកអាចរំពឹងថានឹងចំណាយច្រើនដើម្បីចតរថយន្តរបស់ពួកគេនៅឯការប្រកួតនៅឆ្នាំក្រោយ ដោយតម្លៃនៅលើគេហទំព័រផ្លូវការរបស់ FIFA បង្ហាញតម្លៃឈានដល់១៧៥ ដុល្លារអាមេរិកក្នុងមួយកន្លែងចតឡាន។
របាយការណ៍ដំបូងពីសារព័ត៌មាន The Athletic បានឲ្យដឹងថា តួលេខនេះបានធ្វើឱ្យអ្នកគាំទ្រកីឡាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក ក្នុងនាមជាម្ចាស់ផ្ទះមួយក្នុងចំណោមម្ចាស់ផ្ទះទាំង៣ រួមជាមួយនឹងប្រទេសកាណាដា និងម៉ិកស៊ិក។
FIFA ក៏បានកំណត់ថា សំបុត្រនៃការចតរថយន្តទូទៅសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលនឹងលេងនៅថ្ងៃទី១៤ ខែកក្កដា នៅទីក្រុង Dallas ត្រូវបានចុះបញ្ជីក្នុងតម្លៃ ១៧៥ដុល្លារ ខណៈដែលតម្លៃសម្រាប់ការចតរថយន្តនៅការប្រកួតវគ្គចែកពូលត្រូវបានត្រូវបានកំណត់ក្នុងតម្លៃ ៧៥ដុល្លារ។ ក្នុងនោះការចតរថយន្តនៅការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រនៅទីក្រុង Kansas ដែលលេងនៅថ្ងៃទី១១ ខែកក្កដា នឹងត្រូវចំណាយ ១២៥ដុល្លារ ក្នុងនោះសម្រាប់ការលក់សំបុត្រដំណាក់កាលដំបូងសម្រាប់ការប្រកួតចំពោះកៅអីវគ្គចែកពូល គឺចាប់ផ្តើមពី ៦០ដុល្លារ។
ដោយឡែកកន្លែងមួយចំនួនតូចក្នុងចំណោម ១៦កន្លែង សម្រាប់ព្រឹត្តិការណ៍ World Cup នៅទូទាំងប្រទេសកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក នឹងមានសំបុត្រចតរថយន្តមានលក់តាមអ៊ីនធឺណិត គ្រាដែលទីក្រុងម៉ិកស៊ិក ដែលនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតដំបូងនៃការប្រកួត និងទីក្រុងញូវយ៉ក/ញូវជឺស៊ី នឹងធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ គឺមិនទាន់មានកន្លែងចតរថយន្តនៅឡើយទេ។
សូមជម្រាបផងថា FIFA ទទួលបានការកក់សំបុត្រជាង ១.៥លានពីអ្នកគាំទ្រត្រឹមរយៈពេល ២៤ម៉ោងនៃការចាប់បើកការលក់កាលពីខែកញ្ញា ឆ្នាំ២០២៥នេះ សម្រាប់ព្រឹត្តិការណ៍ World Cup 2026 ដែលនឹងចាប់ផ្តើមលេងនៅថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ៕

