រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil Pinto បានថ្លែងអំណរគុណដល់សភាឌូម៉ារបស់រុស្ស៊ី ឬសភាជាន់ទាប សម្រាប់ការគាំទ្រអធិបតេយ្យភាពរបស់ក្រុងការ៉ាកាស និងអំពាវនាវឱ្យសហគមន៍ពិភពលោកថ្កោលទោសការគំរាមកំហែងរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងខ្លួន។

លោក Pinto បានលើកឡើងថា ជំនួសឱ្យលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ យើងសូមថ្លែងអំណរគុណដល់សភាឌូម៉ាចំពោះការអំពាវនាវរបស់ខ្លួនដល់សហគមន៍អន្តរជាតិ សភា និងប្រព័ន្ធអង្គការសហប្រជាជាតិ ឱ្យថ្កោលទោសវត្តមានកើនឡើងរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ការ៉ាប៊ីន ការគំរាមកំហែងប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា និងការវាយប្រហារលើទូកដែលត្រូវបានអ្នកជំនាញអង្គការសហប្រជាជាតិដាក់ឈ្មោះថាជាការប្រហារជីវិតក្រៅប្រព័ន្ធតុលាការ។ ប្រទេសវេណេស៊ុយអេឡាឱ្យតម្លៃដល់សាមគ្គីភាពយ៉ាងរឹងមាំរបស់រុស្ស៊ីសម្រាប់ការការពារអធិបតេយ្យភាពរបស់យើង។
សភាឌូម៉ារបស់រុស្ស៊ី បានអនុម័តសេចក្តីព្រាងសេចក្តីអំពាវនាវមួយទៅកាន់សភានៃប្រទេសជាសមាជិកអង្គការសហប្រជាជាតិ និងសហគមន៍ពិភពលោកជុំវិញការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់ការ៉ាប៊ីនជិតប្រទេសវេណេស៊ុយអេឡា។ អ្នកនយោបាយរុស្ស៊ី បានសម្តែងការគាំទ្រ និងសាមគ្គីភាពជាមួយថ្នាក់ដឹកនាំវេណេស៊ុយអេឡាក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការការពារអធិបតេយ្យភាពជាតិរបស់ប្រទេស និងអំពាវនាវឱ្យសហគមន៍ពិភពលោកថ្កោលទោសវត្តមានយោធាកើនឡើងរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។
សេចក្ដីព្រាងនេះ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍប្រកបដោយស្ថិរភាព និងឯករាជ្យរបស់ប្រទេសវេណេស៊ុយអេឡា៕

ដោយ៖ ពេជ្រ
