នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បាននិយាយថា នឹងមិនលើកលែងទោសឡើយចំពោះបុគ្គលដែលបញ្ជាឱ្យមានការបំផ្ទុះគ្រាប់បែក សម្លាប់មនុស្សយ៉ាងហោចណាស់ ១០នាក់ នៅរដ្ឋធានីញូវដេលី។

កាលពីល្ងាចថ្ងៃចន្ទ រថយន្តមួយគ្រឿង បានផ្ទុះនៅជិតបន្ទាយក្រហម ដែលជាទីតាំងប្រវត្តិសាស្ត្រមួយក្នុងចំណោមទីតាំងប្រវត្តិសាស្ត្រដែលមានអ្នកទៅទស្សនាច្រើនបំផុតរបស់រដ្ឋធានីឥណ្ឌា។ មនុស្សជាច្រើនទៀតក៏បានរងរបួសនៅក្នុងការផ្ទុះនេះផងដែរ។
នៅក្នុងការថ្លែងសុន្ទរកថាជាសាធារណៈ លោក ម៉ូឌី បានសង្កត់ធ្ងន់ថា លោក កំពុងទាក់ទងជាមួយភ្នាក់ងារស៊ើបអង្កេត ដើម្បីវែកមុខអ្នកឃុបឃិត បង្កឱ្យមានហេតុការណ៍នេះកើតឡើង។
ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធរបស់ឥណ្ឌា NIA បានទទួលយកសំណើនេះក្រោមច្បាប់ប្រឆាំងភេរវកម្ម។
ការផ្ទុះនេះ បានកើតឡើងនៅជិតស្ថានីយ៍រថភ្លើងក្រោមដីមួយកន្លែង ដែលនៅជិតបន្ទាយក្រហម។ យោងតាមអាជ្ញាធរ បន្ទាយនេះ ត្រូវបានបិទរយៈពេល ៣ ថ្ងៃ ខណពេលដែលការស៊ើបអង្កេតកំពុងដំណើរការ៕


ដោយ៖ ពេជ្រ
