មហាវិទ្យាល័យវិស្វកម្មបរិស្ថានគន្លឹះដំណោះស្រាយសម្រាប់សតវត្សទី២១ ត្រូវបានចាប់ផ្តើម

រាជធានីភ្នំពេញ៖ ថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២៤ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានធ្វើការបង្ហាញអគារ និងសម្ភារៈបរិក្ខារនៃមហាវិទ្យាល័យវិស្វកម្មបរិស្ថាន ដែលមានអគារកម្ពស់ ៦ជាន់ ទំហំ១៥៣០ម៉ែត្រការ៉េ បានបំពាក់ឧបករណ៍មន្ទីរពិសោធន៍មូលដ្ឋាន និងទំនើប ព្រមទាំងថ្នាក់រៀនឆ្លាតវៃ។

ឯកឧត្តម ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ថា “ខ្ញុំមានមោទនភាពដែលមានមហាវិទ្យាល័យវិស្វកម្មបរិស្ថានដំបូងគេ និងតែមួយគត់ក្នុងប្រទេសកម្ពុជាដែលមានវត្តមាននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ”។ នៅក្នុងប្រទេសកម្ពុជា មានសាកលវិទ្យាល័យជាច្រើនដែលមានមហាល័យវិទ្យាសាស្ត្របរិស្ថាន ប៉ុន្តែសម្រាប់វិស្វកម្មបរិស្ថាននេះ គឺជាលើកដំបូង។ “វិស្វកម្មគឺជាស្នូលនៃជំនាញនៃសតវត្សទី ២១។ 

ជំនាញនេះគឺជាការប្រើចំណេះដឹងវិទ្យាសាស្ត្រធម្មជាតិដើម្បីបង្កើតដំណោះស្រាយ។ បរិស្ថានជាផ្នែកមួយដែលយើង ត្រូវ ការ ដំណោះស្រាយខ្លាំងបំផុតខណៈដែលយើងកំពុង ជួប ប្រទះ នឹងវិបត្តិបម្រែបម្រួល អាកាសធាតុ”។

និស្សិតដែលសិក្សានៅមហាវិទ្យាល័យវិស្វកម្មបរិស្ថាន នឹងរៀនពីដំណោះស្រាយបញ្ហាប្រឈម ការវិភាគ និងគ្រប់គ្រងលើវិបត្តិខ្យល់ អាកាសធាតុ ទឹក ដី ប្រព័ន្ធអេកូឡូស៊ី ថាមពល និងធនធានធម្មជាតិ។ ការអនុវត្តផ្ទាល់ក្នុងកំឡុងពេលសិក្សាគឺសំខាន់ ដូចនេះទើបក្រសួងអប់រំ យុវជន និងកីឡា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានបោះទុនប្រមាណ ១,៣០០,០០០ ដុល្លារអាមេរិក លើការបំពាក់សម្ភារៈបរិក្ខា នៃថវិការជំនួយសរុបចំនួន ៦,៩០០,០០០ ដុល្លារអាមេរិក របស់គម្រោងនេះ។

លោកស្រី CHOI Moon Jung នាយិកាការិយាល័យកយកាប្រចាំប្រទេសកម្ពុជា បានពន្យល់ពីសាវតានៃកិច្ចសហប្រតិបត្តិការរបស់ កយកា លើការបណ្តុះបណ្តាលយុវជនថា “យើងជឿថារាល់ដំណោះស្រាយគឺមនុស្សជាអ្នកបង្កើត។ ខ្ញុំជឿថា ទេពកោសល្យរបស់កម្ពុជានឹងក្លាយជាអ្នកដឹកនាំនាពេលអនាគត និងជាអ្នកគិតគូរក្នុងការដោះស្រាយបញ្ហាប្រឈមបរិស្ថានក្នុងសហគមន៍ និងពិភពលោកទាំងមូល”។ ដោយអនុវត្តតាមគំនិតផ្តួចផ្តើមសាមគ្គីភាពកូរ៉េ-អាស៊ាន ដែលបានប្រកាសដោយប្រធានាធិបតីកូរ៉េខាងត្បូង ខណៈពេលដែលលោកមកបំពេញទស្សនកិច្ចនៅភ្នំពេញក្នុងខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋាភិបាលកូរ៉េបានកំពុងគាំទ្រដល់យុវជនជំនាន់ក្រោយនៃបណ្តាប្រទេសអាស៊ានរួមទាំងកម្ពុជា ដោយចាត់ទុកពួកគេជាតួអង្គសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការនិងវិបុលភាពនាពេលអនាគត។

ក្នុងពិធីនេះ KOICA បានប្រគល់ សៀវភៅសិក្សាចំនួន ២០០ ក្បាល និង អាហារូបករណ៍ ដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលនេះគឺជាការផ្តល់ ជាលើកទីពីរ។

គម្រោងនេះបានជួយកសាងសមត្ថភាពមហាវិទ្យាល័យផងដែរ។ “ សាស្ត្រាចារ្យគឺជាអ្នកសាបព្រួសចំណេះដឹង។ សាស្ត្រាចារ្យដែលមានសមត្ថភាពខ្ពស់នឹងផ្តល់ចំណេះដឹងប្រកបដោយគុណភាពដល់សិស្សកាន់តែច្រើន ។ អរគុណណាស់ ដែល KOICA មិនត្រឹមតែគាំទ្រសម្ភារៈបរិក្ខារប៉ុណ្ណោះទេ ប៉ុន្តែវាជាកត្តាសំខាន់ក្នុងការជំរុញការអប់រំប្រកបដោយនិរន្តរភាពផងដែរ” នេះបើតាមការលើកឡើងរបស់ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

បន្ទាប់ពីមហាវិទ្យាល័យនេះបើកវគ្គសិក្សាថ្នាក់បរិញ្ញាបត្រនៅខែធ្នូ ឆ្នាំ២០២២ សាស្ត្រាចារ្យជនជាតិខ្មែរចំនួន ១១នាក់ និងកូរ៉េ ២នាក់កំពុងបង្រៀននៅទីនេះ។ ក្នុងនោះមាន សាស្ត្រចារ្យ ចំនួន7នាក់បានសិក្សា និងកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត នៅសាកលវិទ្យាក្វាងជូ នៅប្រទេសកូរ៉េ។ ចាប់ពីឆ្នាំ២០២៦ មហាវិទ្យាល័យវិស្វកម្មបរិស្ថាននឹងដំណើរការវគ្គសិក្សាថ្នាក់អនុបណ្ឌិតផងដែរ៕

Written by 

Related posts

Leave a Comment